ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ឋិពលពីជ្រលង នៃសម្ពាធទាប ដែលស្ថិតនៅភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីកម្រិតពីខ្សោយទៅមធ្យម។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភាថា ឥទ្ឋិពលនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ហើយបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ កើតឡើង។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ ហើយបណ្តារាជធានី ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។នៅផ្ទៃសមុទ្រ ក៏អាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រមធ្យម ទៅបង្គួរ៕