រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអះអាងថា ចាប់តាំងពីដើមឆ្នាំ ២០២០មក ស្ថានភាពពិភពលោកបានដើរដល់របត់ថ្មីមួយ ដែលបណ្ដាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។ បើតាមលោក ថោងខុន សេដ្ឋកិច្ចពិភពលោក ពិសេសវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយនៅក្នុងឆ្នាំ២០២០ ទេសចរតំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្លាក់ចុះយ៉ាខ្មាំង៖
ក្នុងនោះ ទេសចរអន្តរជាតិមក កម្សាន្តមានចំនួនសរុប៣៥៦,៨៦៣ នាក់ ថយចុះ ៧០.៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានទេសចរសរុប ចំនួន១,២០៤,៣៧៤ នាក់ ។ ចំណែកភ្ញៀវទេសចរជាតិ មកកម្សាន្តនៅ តំបន់មានចំនួនសរុប២,៨៧៣,៤៨៣ នាក់ ថយចុះ ៩.៥ ភា បើធៀបនឹងឆ្នាំ២០២០ មានចំនួនសរុប ៣,១៧៥,៧៨០នាក់។
បើតាមលោក ថោង ខុន ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញជាបន្ដបន្ទាប់នូវគោលនយោបាយ យុទ្ធសាស្ដ្រ និងវិធាននានា ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ ដែលត្រូវបានដាក់អោយប្រើប្រាស់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ដែលធ្វើឡើងនៅខេត្តកែប នាថ្ងៃទី៣០ ខែឧសភា ។
ដោយសារភាពទោល នៃសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចំរុះដ៏សំបូរបែបនានាទាំងក្នុងទឹកសមុទ្រ និងលើគោក ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា រួមមាន ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត ត្រូវបានដាក់បញ្ចូលទៅជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាង គេបំផុតលើសកលលោក កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ នាប្រទេសសេនេហ្គាល ក្រោមឈ្មោះរួមតែមួយគឺឆ្នេរសមុទ្រកម្ពុជា (Cambodia Bay) និងត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា “តារារៈនាទិសនិរតី”។
ការបញ្ចូលជាសមាជិកក្លឹបឆ្នេរនេះ ខេត្តនិមួយៗ មានឡូហ្គូដោយឡែកៗពីគ្នា និងការអភិវឌ្ឍឆ្នេរត្រូវគោរពតាមគោលការណ៍ លក្ខខណ្ឌ និងសូចនាករដែលបានដាក់ចេញដោយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក៕