កំពង់ធំ៖ បុរសជាជនសង្ស័យសម្លាប់ក្មេងស្រីពិការអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ធំ បានសារភាពនូវសកម្មភាពរបស់ខ្លួន ដោយផ្តើមចេញពីការខឹងសម្បារលើម្តាយរបស់ជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ បួន យ៉ិក ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានសារភាពថា មូលហេតុដែលខ្លួនសម្លាប់ក្មេងស្រី ឈ្មោះ សារីន ភ័ត្រា អាយុ១៤ឆ្នាំ ដោយសារតែខ្លួនខឹងនឹងម្ដាយជនរងគ្រោះ ដើរនិយាយប្រាប់គេថា ពូជរបស់ខ្លួនជាពូជដើររំលោភគេ។
សូមបញ្ជាក់ថា ករណីសម្លាប់ក្មេងស្រីពិការភ្នែកម្ខាង និងជើងម្ខាងនេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមចម្លើយរបស់ជនសង្ស័យ បានឱ្យដឹងដែរថា ខ្លួនបានលួងលោមក្មេងស្រីជនរងគ្រោះឲ្យឡើងជិះម៉ូតូ រួចឌុបយកទៅរឹត.ក នឹងអាវ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ហើយច្រកចូលក្នុងការរុង យកទៅបោះចូលក្នុងទឹកស្ទឹង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ចម្ងាយប្រហែល ១០០ម៉ែត្រ ពីស្ពានផ្លុង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន កសាងសំណុំរឿង ចាតការតាមនីតិវិធី៕