ដោយយោងទៅតាមសារបង្ហោះនៅលើបណ្តាញសង្គម Twitter របស់សមាជិកគ្រួសារកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថាស្វាមីរបស់អ្នកគ្រូបង្រៀនថ្នាក់ទី៤ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សារដ្ធតិចសាស់ បានស្លាប់ដោយសារជំងឺគាំងបេះដូង ត្រឹមតែពីរថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះបានកើតឡើង។ ដោយយោងទៅតាមក្មួយរបស់គាត់បាននិយាយរៀបរាប់ថា “ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងរន្ធត់ចិត្តណាស់ដែលត្រូវមកជួបនឹងរឿងបែបហ្នឹង ពីព្រោះពេលនេះ Joe Garcia ដែលត្រូវជាស្វាមីរបស់ អ្នកគ្រូ Tia Irma (Irma Garcia) បានស្លាប់ដោយសារការឈឺចាប់ខ្លាំង ដែលបានបាត់បង់ភរិយារបស់គាត់ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអ្វីដែលត្រូវនិយាយទេ មានតែសូមអធិដ្ធានសម្រាប់គ្រួសាររបស់យើង ហើយសូមព្រះទ្រង់មេត្តាអាណិតពួកយើង ពីព្រោះពេលនេះពួកយើងកំពុងតែជួបទុក្ខធ្ងន់”។
សូមរំលឹកផងដែរ Irma Garcia ដែលជាគ្រូបង្រៀនម្នាក់នៅក្នុងចំណោមគ្រូបង្រៀនពីរនាក់ ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងឧបទ្ទវហេតុនៃការបាញ់ប្រហារដ៏សាហាវឃោរឃៅនេះ មានអាយុ៤៦ឆ្នាំ។ អ្នកគ្រូ Irma Garcia និងមិត្តភ័ក្តិអ្នកគ្រូម្នាក់ទៀតដែលមានឈ្មោះថា Eva Mireless បានស្លាប់នៅក្នុងហេតុការណ៍នោះ គឺដោយសារតែ អ្នកគ្រូទាំងពីរព្យាយាមការពារសិស្សពីអ្នកបាញ់ប្រហារ។ បន្ទាប់មក ក្រោយពីហេតុការណ៍នេះបានកើតឡើង ស្វាមីរបស់អ្នកគ្រូ គឺលោក Joe Garcia បានយកសពភរិយារបស់គាត់មករៀបចំពិធីបុណ្យ តែដោយសារតែសេចក្តីទុក្ខ និងការឈឺចាប់ខ្លាំងក្នុងការដែលបាត់បង់ភរិយារបស់គាត់ ដែលបានរួមរស់ និងរៀបការនឹងគ្នាអស់រយៈពេលជាង ២៥ឆ្នាំមកហើយ បានធ្វើឲ្យគាត់ដួល ហើយបានគាំងបេះដូងស្លាប់ភ្លាមៗ នៅក្នុងពេលកំពុងរៀបចំពិធីបុណ្យសពរបស់ភរិយារបស់គាត់។
តាមប្រភពសមាជិកគ្រួសាររបស់គាត់បានឲ្យដឹងថា “ពេលមកដល់ផ្ទះ គាត់អង្គុយសម្រាកមិនដល់ពេលបីនាទីផង គាត់បានដួល ហើយបានស្លាប់ បើទោះបីជាគេខំប្រឹងគក់ទ្រូងហើយ និងបន្ទាប់មកពេទ្យបានព្យាយាមជួយដែរក៏មិនអាចជួយបានដែរ ពីព្រោះគាត់បានផុតដង្ហើមបាត់ទៅហើយ”។ វេជ្ជបណ្ឌិត បាននិយាយថា គាត់បានស្លាប់ដោយសារជំងឺគាំងបេះដូង ដែលជាប្រភេទជំងឺ កើតឡើងដោយសារតែភាពតានតឹង ដោយសារការបាត់បង់ភ្លាមៗរបស់ប្តីឬប្រពន្ធ ដូច្នេះវាខុសពីប្រភេទជំងឹគាំងបេះធម្មតា៕