ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ បានស្លាប់ និង១៧នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រីម្នាក់) និងរបួសធ្ងន់ចំនួន ៨នាក់ (ស្រី៤នាក់) ព្រមទាំងរបួសស្រាល ៩នាក់ (ស្រី២នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៦លើក។
នៅក្នុងរបាយការណ៍បូកសរុបសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ របស់នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលកន្លងទៅ បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់ ដោយសារជិះម៉ូតូ មានចំនួនប្រមាណ ៨០ភាគរយ ក្នុងនោះ ៧០ភាគរយ មិនបានពាក់មួកសុវត្ថិភាព។
ក្នុងរបាយការណ៍ បានបញ្ចាក់ថា ភាគច្រើននៃអ្នកស្លាប់ ជាអ្នកបើកបរម៉ូតូដែលមានវ័យក្មេង នៅតែមានចំនួនច្រើន ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ នៅពេលយប់នៅតែមានកំណើនខ្ពស់ប្រាមាណ៥៨ភាគរយ និងស្លាប់ពេលយប់មាន ៥៤ភាគរយ។ តួលេខនេះ បើធៀបត្រឹមត្រីមាសទី១ និងត្រីមាសទី៤ ឆ្នាំ២០២១ ពិនិត្យឃើញថា កំណើន នៃគ្រោះថ្នាក់បានកើនឡើង ១៩ភាគរយ អ្នកស្លាប់កើន ២០ភាគរយ និងអ្នករបួសកើនឡើង ១៨ភាគរយ ដែលលទ្ធផលនេះបណ្តាលមកពីកត្តាកំណើនប្រជាពលរដ្ឋ ឬចំនួនអ្នកប្រើប្រាស់ផ្លូវ និងមធ្យោបាយយានយន្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់៕