ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ ជ ប បានចាត់ទុកសភាពការណ៍ទូទៅថ្ងៃទីបួន នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ថា បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់នីមួយៗ ដើម្បី ឃោសនាអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។
គ ជ ប សង្កេតឃើញថា ការឃោសនាបោះឆ្នោតថ្ងៃទីបួននេះ នៅតាមបណ្តាខេត្តមួយចំនួន មានការហែក្បួនតិចតួចប៉ុណ្ណោះ ប៉ុន្តែសកម្មភាពនៃការជួបប្រជុំ ការចែកខិត្តប័ណ្ណតាមផ្ទះ ការចាក់ មេក្រូផ្សព្វផ្សាយ គឺនៅតែផុលផុស។ ជាក់ស្ដែងនៅខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជា បានចែក ខិត្តប័ណ្ណក្នុងឃុំ សង្កាត់ទាំង ១២៧ មានអ្នកចូលរួមចំនួន ៤.០៤០ នាក់ ការជួបប្រជុំនៅទីស្នាក់ការ គណបក្សដែលមានអ្នកចូលរួមប្រមាណ ១២,១២០ នាក់ និងការចាក់មេក្រូនៅតាមទីតាំងនានា ដែលមានអ្នកចូលរួមប្រមាណ ១៥.១៥០ នាក់។ ដោយឡែក គណបក្សភ្លើងទៀន បានធ្វើការហែក្បួន ឃោសនាក្នុងឃុំចំនួន ២ នៃស្រុកល្វាឯម ដែលមានអ្នកចូលរួមប្រមាណ ៥០ នាក់ ព្រមទាំងបានធ្វើការ ចែកខិត្តប័ណ្ណ ក្នុងឃុំ សង្កាត់ទាំង ១២៧ ដែលមានអ្នកចូលរួមប្រមាណ ៨៧៩ នាក់ ការចាក់មេក្រូ នៅតាមទីតាំងនានា ដែលមានអ្នកចូលរួម ៦៧៥ នាក់ រីឯគណបក្សនយោបាយផ្សេងទៀតធ្វើ សកម្មភាពចែកខិត្តប័ណ្ណ និងចាក់មេក្រផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះ នៅខេត្តសៀមរាប គណបក្ស ភ្លើងទៀន បានធ្វើការហែក្បួននៅតាមឃុំ សង្កាត់ចំនួន ១១ មានអ្នកចូលរួមប្រមាណ ៥៥៦០ នាក់។
គ ជ ប បានបញ្ជាក់ថា ចំពោះសភាពការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីបួន គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំ របស់ គ.ជ.ប ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួម ប្រគួតប្រជែង៕