ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសម្ថកិច្ច នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឃាត់ខ្លួន ក្រោយពេលពួកគេបានធ្វើសកម្មភាពរគាស់រោងចក្រលួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេស ស្មើនិង ៣៩៤គូ។
របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានសហការជាមួយអ្នកពាក់ព័ន្ឋរហូតឈានដល់ការចុះឆែកឆេរលំនៅដ្ឋានលេខ១១០ ផ្លូវបេតុង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។
នៅក្នុងសកម្មភាពនេះ សមត្ថកិច្ចបានរកឃើញស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើងដែលបានបាត់ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖១.ឈ្មោះ ប៉ាក លី អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ទី២.ឈ្មោះ លេង វិចិត្រ អាយុ៣៣ឆ្នាំ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារ)និងទី៣.ឈ្មោះ ផា ចាន់រិទ្ធ អាយុ៤១ឆ្នាំ មុខរបររត់តាក់ស៊ី (អ្នកទទួលផលចោរកម្ម)។
ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនមានឈ្មោះ សឿន ហៅ អាខ្មៅ ជាមេក្លោង និងឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ កំពុងបន្តស្វែងរកចាប់ខ្លួន ។
នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបញ្ជាក់ឱ្យដឹងថា ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២ និង៣៩នាទី មានករណីគាស់រោងចក្រ Wing Star Shoes Co.Ltd ស្ថិតនៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យចំនួន៤នាក់ បានចូលគាស់បង្អូចឃ្លាំង លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេស ស្មើនិង ៣៩៤គូ និងប្រាក់ចំនួន ៤០០.០០០រៀល រួចគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕