ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៣ល្វែង បានរងការឆាប់ឆេះ កាលពីវេលាម៉ោង០៩ និង១០នាទីយប់ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា ដើមហេតុដំបូងអគ្គិភ័យបានឆាបឆេះផ្ទះ១ល្វែង ទំហំ៤ × ១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (ផ្ទះចាក់សោរចោល) បណ្តាលឲ្យឆេះអស់ទាំងស្រុង បន្ទាប់មកក៏បានឆាបឆេះរាលដាលដល់ផ្ទះចំនួន១២ល្វែងទៀត (មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ) ។
ភ្លាមៗក្រោយពេលមានករណីអគ្គីភ័យកើតឡើង កម្លាំងនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួ ១១គ្រឿង អស់ទឹក ៣៣រថយន្ត និងបានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង១ និង៥០នាទី រំលងអាធ្រាត។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គ្រោះអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕