ភ្នំពេញ៖ ពលរដ្ឋចំនួន១១៧គ្រួសារ ត្រូវបានអាជ្ញាធររៀបចំទីកន្លែងឱ្យស្នាក់នៅបណ្តោះអាសន្ន ក្រោយពេលពួកគេបានរងគ្រោះដោយសារបាក់ទំនប់ទឹករបស់ក្រុមហ៊ុន ហង់អាញ ស្ថិតនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន បានឱ្យដឹងតាមទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះថា គិតមកដល់ពេលនេះ ស្ថានភាពទឹកបានស្រកចុះមកសភាពធម្មតាវិញហើយ ហើយស្ថានភាពលិចបានកើតមានត្រង់ចំណុច ការដ្ឋានទី៦ ក្នុងនោះបានប៉ះពាល់ដល់ផ្ទះល្វែងកម្មករ ចំនួន៧ខ្នង និងមានកម្មករចំនួន ១១៧គ្រួសារ។
លោក ខៀវ កាញារីទ្ឋ បានឱ្យបន្តថា ក្រុមហ៊ុនបានជួយឧបត្ថម្ភជាស្បៀងអាហារ និងបានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ជូនកម្មករដែលបានជម្លៀសផងដែរ។
អាជ្ញាធរស្រុកកូនមុំ បានអះអាងថា ករណីទឹកជន់លិចផ្ទះប្រជាពលរដ្ឋនេះដោយសារភ្លៀងធ្លាក់ខ្លាំងរហូតបាក់ទំនប់របស់ក្រុមហ៊ុនចម្ការចេក ដែលស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ប៉ុន្តែទឹកបានស្រកវិញត្រឹមតែ២ម៉ោងប៉ុណ្ណោះ និងពុំបានធ្វើឱ្យប្រជាពលរដ្ឋគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕