ភ្នំពេញ៖ នៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅក្នុងប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា សម្ដេចគ្មានសិទ្ធិកាត់ដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យទៅប្រទេសណាមួយនោះឡើយ។
នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បើសម្ដេចប្រុងកាត់ដីឲ្យប្រទេសវៀតណាម ដូចអ្វីដែលជាការចោទប្រកាន់ក្រុមប្រឆាំងមែន មិនមែនសម្ដេចខិតខំប្រឹងប្រែងចំណាយពេលចរចាសូម្បីមួយតឹក មួយផឹងនោះទេ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រឿងកំណត់ព្រំដែននេះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ ខណៈភាគីទាំងពីរកំពុងចរចាគ្នាបន្ដទៀត ដើម្បីឲ្យឈានទៅដល់គោលដៅ១០០ភាគរយ នាពេលខាងមុខ។
សម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងដែរថា កម្ពុជាកំណត់ព្រំដែនជាមួយឡាវ បានប្រមាណ៨៦ភាគរយ ជាមួយវៀតណាម បាន៩០ភាគរយ និងជាមួយថៃ ទទួលស្គាល់បង្គោលចាស់ដែលបានរកឃើញ ហើយបានបង្កើតគណៈកម្មការចម្រុះដើម្បីបន្ដការងារ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅ២សំខាន់ ទី១ប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍនិង ទី២ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាមួយព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕