ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសស្វីស កាលពីវេលាម៉ោង ០០:៣០ នាទីយប់ ថ្ងៃសុក្រ ទី ២០ ឈានចូលថ្ងៃសៅរ៍ទី ២១ ខែឧសភា ឆ្នាំ ២០២២ ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។
យោងតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ធ្វើឡើងក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters)។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងនៅលើផេកផ្លូវការថា ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ» នឹងអាចមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃប្រទេសមួយចំនួន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា ផងដែរ៕
អត្ថបទ៖លាង ឡា