ព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា មនុស្សចំនួន៥នាក់ បានស្លាប់ និងរងរបួស ដោយសារករណីដាច់ធ្លាក់ជណ្តើរយន្តក្នុងសំណង់អគារមួយកន្លែង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍ បានឱ្យដឹងបន្តថា ករណីគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងការដ្ឋានសំណង់ដែលមានកម្ពស់ប្រមាណ២០ជាន់។
តាមប្រភពបានឱ្យដឹងថា នៅកន្លែងកើតហេតុ គេឃើញមានជនរងគ្រោះ ចំនួន៣នាក់ បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មាន បានឲ្យដឹងបន្តថា ជនរងគ្រោះបានជិះជណ្តើរយន្តដើម្បីធ្វើកិច្ចការជាធម្មតានៅជាន់ទី១៤ ប៉ុន្តែស្រាប់តែដាច់ធ្លាក់ចុះមកក្រោម បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសតែម្តង។
ក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះដល់ទីតាំង និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងធ្វើការស្រាវជ្រាវ លើករណីនេះ៕