ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី ចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ចំនួន១៦ករណី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ និងដកហូតបានសារធាតុញៀនមួយចំនួន។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣៩នាក់ រួមមាន ៖ ជួញដូរ ៥ករណី ឃាត់ខ្លួន ៧នាក់, ប្រើប្រាស់១១ករណី ឃាត់ខ្លួន៣២នាក់ ។
ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុប រួមមាន៖ មេតំហ្វេតាមីន(Ice) = ៥,៦៩ក្រាម និង២៩កញ្ចប់តូច, -មេតំហ្វេតាមីន(Wy) = ១២,១១ក្រាម ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អង្គភាពពាក់ព័ន្ធឱ្យធ្វើការរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕