កំពង់ស្ពឺ៖ សត្វព្រៃជាច្រើនប្រភេទ ដែលសមត្ថកិច្ចជំនាញបង្រ្កាបបាន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានយកទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ។
របាយការណ៍របស់សមត្ថកិច្ចជំនាញ នៃរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការដឹកនាំបញ្ជាដោយ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះឆែកឆេរនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងបានប្រទះឃើញ ដកហូតបាន កូនក្ងោករស់ ចំនួន ៥ក្បាល, ព្វាំងរស់ ចំនួន ៨ក្បាល, សេកសោមរស់ ចំនួន ២ក្បាល, សេកអាត់រស់ ចំនួន ០១ក្បាល, ក្តាន់ញ៉ែងរស់ ចំនួន ៦ក្បាល, រអាតត្នោតរស់ ចំនួន ១ក្បាល, អកព្រៃច្រើនពណ៌រស់ចំនួន ៤ក្បាល, ស្ទាំងលលករស់ ចំនួន ១ក្បាល, ក្បាលកេងកងធំក្រៀម ចំនួន ២ក្បាល និងក្រញាំជើងកេងកងធំក្រៀម ចំនួន១គូរ។
នៅក្នុងការបង្រ្កាបនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័ន្ធយកទៅសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ ខណៈសត្វព្រៃរស់ និងសំណាកសត្វ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ៕