នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃ ពុធ នេះបានបើកសម្ពោធ មហោស្រពសិល្បៈជាតិឆ្នាំ២០២២ ស្តីពីគំនូរវិចិត្រកម្មពណ៌ទឹក ក្រោមប្រធានបទ “ជីវិត និងធម្មជាតិ” ដែលពីធីនេះធ្វើឡើងរយៈពេល ៣ថ្ងៃដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានឲ្យដឹងថា ជារៀងរាល់ឆ្នាំនាយកដ្ឋានសិល្បៈសូនរូបតែងតែរៀបចំពិធីនេះនិងមានប្រធានបទដូចជា៖ ចម្លាក់ ស្បែក មុខខ្មុក ចម្លាក់ឈើ ចម្លាក់ស្ពាន់ ក៏ដូចជាគំនូរវិចិត្រកម្ម និងគំនូរទំនើប ជាដើម។ ដោយឡែកនៅឆ្នាំនេះការជ្រើសរើសយកប្រធានបទខាងលើនេះក្នុងគោលបំណងសំដៅបំផុតស្មារតីលើកទឹកចិត្តដល់សិល្បករ វិចិត្រករ និងមហាជនទូទៅដើម្បីចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយនិងគាំទ្រនូវសិល្បៈគំនូរវិចិត្រកម្មពណ៌ទឹក ដែលបច្ចុប្បន្ននេះកំពុងតែមានការរីកចម្រើនទាំងក្នុងចំណោមសិស្ស និសិ្សត និងរហូតដល់កម្រិតសិល្បករអាជីព។
បើតាមលោក ឈឹម សុធី នាយកដ្ឋានសិល្បៈសូនរូបតែងជ្រើសរើស ប្រធានបទប្លែកៗនិងទម្រង់ខុសៗគ្នានៅក្នុងវិស័យសិល្បៈសូនរូបមកប្រកួតប្រជែង។
ចំណែកសោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សិល្បៈគំនូរវិចិត្រកម្មពណ៌ទឹក (Aquarelle ឬWatercolor) គឺជាមូលដ្ឋានគ្រឹះដំបូងនៃគំនូរវិចិត្រកម្មដ៏ទៃទៀត ដូចជាគំនូរ Gouache, Acrylic, Poster និងOil Painting ជាដើម។ លោកថា កាលណាគេ បាន ស្គាល់ពីគំនូរពណ៌ទឹកច្បាស់ គឺមាន ការងាយស្រួល ក្នុងការឈោងចាប់នូវបច្ចេកទេសគំនូរដ៏ទៃទៀត។
សូមបញ្ជាក់ថា គំនូរ ពណ៌ទឹក ត្រូវបានវិចិត្រករ ស្ថាបត្យករ និងអ្នកបុរាណវិទូ រចនាទៅលើឯកសារ រូបភាព ប្លង់ និងសៀវភៅសម្រាប់សិក្សាគ្រប់កម្រិត មានដូចជាផែនទីភូមិសាស្រ្ត ប្រវតិ្តវិទ្យា ជីវវិទ្យា និងសៀវភៅប្រជុំវិទ្យា។ ដោយឡែកភ្ញៀវទេចរ និងអ្នកធ្វើដំណើរកម្សាន្តមួយចំនួន ដែលចូលចិត្តនូវទិដ្ឋភាពទេសភាពប្លែកៗ តែងតែផ្តិតយករូបភាពតាមរយៈការអង្គុយគូរកំសាន្តអារម្មណ៍និងសម្រាប់ទុកជាឯកសារប្រចាំជីវិតរបស់ពួកគាត់ (Carnet de Voyage)។ តាមរយៈកំណើនភ្ញៀវទេសចរក្រៅស្រុក ធ្វើឲ្យចំណេះជំនាញគំនូរវិចិត្រកម្មពណ៌ទឹកនេះអាចធ្វើឲ្យសិល្បករ និងវិចិត្រកររកប្រាក់ចំណូលបានស្រួល ដើម្បីរួមចំណែកបំពេញតម្រូវការដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិផងដែរ។
បើតាមលោក សោម សុគន្ធ ព្រះរាជាណាចក្រកម្ពុជា ជាប្រ ទេសមួយដែលសំបូរទៅដោយធនធានមរតកវប្បធម៌ទាំងរូបី និងអរូបី។
សិល្បៈរូបី៖ មានប្រាសាទបុរាណតូច-ធំ គ្រប់ទីកន្លែងពេញផ្ទៃប្រទេសទាំងសំណង់បែបព្រហ្មញ្ញ និងព្រះពុទ្ធសាសនា ព្រមទាំងរមណីយដ្ឋានវប្បធម៌ និងធម្មជាតិរាប់មិនអស់។
សិល្បៈអរូបី៖ ផ្នែកជំនឿសាសនា ការគោរពប្រតិបតិ្តប្រពៃណីទំនៀមទម្លាប់ សិល្បៈគ្រប់ ទម្រង់ រួមមាន ល្បែង របាំ ចម្រៀង តន្រី្ត ល្ខោន យីកេ អក្សរ ភាសា សិល្បៈទស្សនីយភាព រួមទាំងផ្នែកសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ជាច្រើនសន្ធឹកសន្ធាប់ទៀត ដែលបុព្វបុរសខ្មែរយើងបាន បង្កើតឡើងតាមរយៈបញ្ញាញាណ និងទេពកោសល្យដ៏ខ្ពង់ខ្ពស់បន្សល់ទុកសម្រាប់កូនចៅគ្រប់ជំនាន់៕