ភ្នំពេញ៖ ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ នឹងសម្រេចបានក្នុងរង្វង់ ៥,១ភាគរយ ដូចគ្នានឹងការព្យាករកាលពីខែមុន ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ។ លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងពីការវាយតម្លៃនេះ ក្នុងជំនួបរវាងក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយនឹងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក Alasdair Scott បានលើកឡើងបន្ថែមថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងការព្យាករ កាលពីពេលមុនក្នុងអត្រា ៦,២% គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍។ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នា នៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម ។
លោកឧបនាយករដ្ឋមន្រ្តី បានស្នើដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួន ៣ សម្រាប់ក្រុមការងារបេសកកម្ម Article IV ដែលគ្រោងនឹងរៀបចំក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមមាន៖ ១. ការកើនឡើង នៃអត្រាអតិផរណា ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស លើវិស័យកសិកម្ម, ២. បញ្ហានៃការកើនឡើងយ៉ាងឆាប់រហ័ស នៃឥណទានក្នុងវិស័យឯកជន និងហានិភ័យលើសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យ សំណង់ និងអចលនទ្រព្យ, និង ៣. ការពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់៕