ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទាន ស្ដារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកា ចំនួន១៥០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ដំណើរការជាផ្លូវការ ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
នៅពិធីដាក់ឱ្យដំណើរការផ្លូវការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានមានប្រសាសន៍ថា គម្រោងសហហិរញ្ញប្បទាននេះ ជាផ្នែកមួយ នៃការគាំទ្រដល់ការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារអាមេរិកនេះ បានមកកើតចេញពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន៧៥លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួម (PFIs) ចំនួន៧៥លានដុល្លារអាមេរិក ខណៈថវិកាទាំង១៥០លានដុល្លារ នឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់តែវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ។
លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ជឿជាក់ថា ការដាក់អនុវត្តន៍គម្រោងសហហិរញ្ញបប្បទាន ស្ដារវិស័យទេសចរណ៍ ចំនួន១៥០លានដុល្លារនេះ នឹងជួយដល់ការជួសជុលទីតាំង ឬគុណភាពសេវាកម្ម យ៉ាងមានប្រសិទ្ធភាពផងដែរ។
សូមរម្លឹកថា ក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ និងបណ្តាលឱ្យសហគ្រាសជាច្រើន ក្នុងវិស័យនេះកាត់បន្ថយ ឬបិទអាជីវកម្ម ជាហេតុនាំឱ្យ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ការងារ និងប្រាក់ចំណូល៕