ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំទៅសហរដ្ឋអាមេរិកថា ការគប់ស្បែកជើង មិនមែនជារឿងតូចតាចឡើយ ដោយសម្តេចតេជោ ជឿថា អាមេរិកនឹងស៊ើបអង្កេតហើយធ្វើតាមច្បាប់។
មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការគប់ស្បែកជើង មិនមែនជារឿងតូចតាចទេ ហើយបើអាមេរិកចាត់ទុកថា ជារឿងបញ្ចេញមតិនោះលើពិភពលោកក៍គ្មានច្បាប់ទម្លាប់ទៀតដែរ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបន្តថា សម្តេចមិនឱ្យអាមេរិកចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលយកស្បែកជើងគប់សម្តេចនោះទេ ប៉ុន្តែសម្តេចក៏មិនលើកទឹកចិត្តឱ្យធ្វើសកម្មភាពសងទៅវិញដែរ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ជឿថា អាមេរិកកំពុងស៊ើបអង្កេត ហើយសម្តេចតេជោមិនទាមទារឱ្យដាក់ទោសទេ តែអាមេរិកត្រូវធ្វើតាមច្បាប់។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលបំពេញទស្សនៈនៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរអាមេរិក-កាណាដា។បន្តិចក្រោយមកស្រាប់តែមានបុរសឈ្មោះ អ៊ុក ទូច បានធ្វើសកម្មភាពមិនគប្បីមកលើសកម្មភាព ជួចជុំ តែពុំបានប៉ះពាល់ដល់សម្តេចតេជោ ហ៊ុន សែន ឡើយ ហើយត្រូវបានក្រុមការពារយកទៅសួរនាំ។
សកម្មភាពមិនគប្បីរបស់បុគ្គលឈ្មោះ អ៊ុក ទូច បានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងបានថ្កោលទោសជាបន្តបន្ទាប់ផងដែរ៕