ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលាចំនួន២នាក់ ដែលបាត់ខ្លួនចេញពីលំនៅដ្ឋានក្នុងខេត្តសៀមរាប បង្កការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រកឃើញ និងប្រគល់ជូនក្រុមគ្រួសារវិញ។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសដែលបានរកឃើញមានឈ្មោះ ហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និងឈ្មោះ ហ៊ុន សុខវិសាល អាយុ៩ឆ្នាំ។
សូមបញ្ជាក់ថា ករណីបាត់ក្មេងប្រុសទាំង២នាក់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ករណីបាត់ក្មេងប្រុសទាំងពីរពីផ្ទះនេះ មិនមែនជាករណីចាប់ជំរិតនោះទេ ប៉ុន្តែមកពីពួកគេខឹងឪពុក ម្តាយ ដែលតែងតែវាយជាហេតុធ្វើឱ្យពួកគេរត់ចេញពីផ្ទះ។
បច្ចុប្បន្នក្មេងទាំ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព៕