ភ្នំពេញ៖ ទឹកថ្នាំជ្រលក់ម្រាមដៃ ចំនួន ៥២.០០០ដប ដែលនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បញ្ជាទិញពីប្រទេសឥណ្ឌា ដែលមានតម្លៃសរុប ប្រមាណ៩៤៣,៨០០ដុល្លារអាមេរិក។
នៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយ នាព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២២ នេះ មន្រ្តី គ.ជ.ប បានអះអាងថា ទឹកថ្នាំខ្មៅដែលបញ្ជាទិញពីឥណ្ឌា មានសុពលភាពលុបមិនជ្រះរហូតដល់៤ខែ។
លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ .ប បានអះអាងថា គ.ជ.ប បានទទួលគុណភាពទឹកខ្មៅពីក្រុមហ៊ុនរបស់ឥណ្ឌា ចំនួន ៤កម្រិត គឺកម្រិតទី១. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ២០%, កម្រិតទី២. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៨%, កម្រិតទី៣. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១៥% និងកម្រិតទី៤. កម្រិតប្រើប្រាស់សូលីស្យុងប្រាក់នីត្រាត ១០%។
លោកបន្តថា គ.ជ.ប បានបញ្ជាទិញទឹកថ្នាំពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ MYSORE PAINT & VARNISH LTD គឺមានចំនួន ៥២.០០០ដប ដោយក្នុងមួយដបមានចំណុះ ៧,៧០មីលីលីត្រ ដោយក្នុងមួយដបថ្ងៃ១៨ដុល្លារ ១៥សេន។
សូមជំរាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះមានគណបក្សនយោបាយ ចំនួន១៧បានចុះបញ្ជី និងមានបេក្ខជនសរុប ចំនួនជាង៧ម៉ឺននាក់៕