ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ និងបានអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការចាញ់បោកជនឆ្លៀតឱកាស។
លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមក ក្រសួងបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងថា មានជនខិលខូចមួយចំនួន ទាំងជនជាតិខ្មែរ និងជនបរទេស ដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូល ថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ ចំណូលខ្ពស់។
លោកបន្តថា កន្លងមក ក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការ នៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តិ នៃប្រទេសទទួលនៅឡើយ។
រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅ ក្រៅប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួល លក្ខខណ្ឌការងារ កម្រៃសេវាដែលពលករត្រូវចំណាយ និងជាពិសេសលើយន្តការ នៃការបញ្ចូន ដើម្បីទទួលបានឱកាសការងារសមរម្យនៅក្រៅប្រទេស។ ករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការ តាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹង ជាសាធារណៈ៕