ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសមិនទទួលស្គាល់វិញ្ញាបនត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន និងសុំឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការជាមួយក្រសួងសុខាភិបាល ក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវដ-១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឲ្យមានភាពអនាធិបតេយ្យក្នុងសង្គមដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា មិនទទួលស្គាល់ប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិទេ ខណៈការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមិនមានបង់កម្រៃទេ៕