ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសមិនលើកលែងចំពោះបុគ្គលឈ្មោះ អ៊ុក ទូច ដែលបានធ្វើសកម្មភាពមិនគប្បីចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើទឹកដីសហរដ្ឋអាមេរិក។
លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថា លោកស្រីមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច និងថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេច កំពុងចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ស្របពេលដែល ប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិក ជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច។
លោកស្រី ម៉ែន សំអន បានចាត់ទុកទង្វើរបស់បុគ្គល អ៊ុក ទូច ថា ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន នឹងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកទង្វើរបស់បុគ្គល អ៊ុក ទូច ថា មិនអាចទទួលយកបានជាដាច់ខាត។ លោកថា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ និងថា ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ ហើយអ្នកណាធ្វើ អ្នកនោះទទួល។
សូមបញ្ជាក់ថា បុគ្គលឈ្មោះ អ៊ុក ទូច បានឆ្លៀតឱកាសធ្វើសកម្មភាពមិនគប្បីមកលើសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេច បានអញ្ជើញជួបពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក។
នៅក្នុងសកម្មភាពមិនគប្បីរបស់បុគ្គល អ៊ុក ទូច ពុំបានធ្វើឱ្យប៉ះពាល់ដល់រាងកាយរបស់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា នោះទេ ប៉ុន្តែទង្វើនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា ចាត់ទុកថា ជាទង្វើអសីលធម៌ នឹងមិនអាចលើកលែងទោសបាន៕