ការព្រមព្រៀងគ្នានេះបានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈសម្តេចបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីការព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរ ពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ-១៩ ចំណែកកម្ពុជា បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
ជាការឆ្លយតប នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ក៏បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណា ឱ្យប្រទេសយើងទាំង២ បានបើកទេសចរណ៍ឡើងវិញទាំងស្រុង ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា។
គួររំលឹកថា សម្រាប់ឆ្នាំ២០១៩ មុនការរីករាលដាល នៃជំងឺកូវីដ១៩ ភ្ញៀវទេសចរវៀតណាមមកលេងកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីភ្ញៀវទេសចរចិន នេះបើយោតាមយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ហើយគ្រាន់តែរយៈពេល៩ ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសរហូតដល់៤,៨ លាននាក់ ប៉ុន្តែភ្ញៀវទេសចរវៀតណាម ក៏ដូចជាភ្ញៀវទេសចរបរទេសផ្សេងទៀតបានធ្លាក់ចុះយ៉ាងគំហុក ខណៈពិភពលោកជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ១៩៕ (មានជ័យ)