ព្រះវិហារ៖ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ ស្រាវជ្រាវរហូតចាប់ខ្លួនបាន នៅជើងភ្នំត្បែង ក្រោយពេលធ្វើសកម្មភាពកាប់សម្លាប់អ្នកទិញអេតចាយម្នាក់ នៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ មុំ ថា អាយុ ៣០ឆ្នាំ ត្រូវបានឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីរត់គេចខ្លួនបានបីថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ មានករណី ឃាតកម្មមួយ បានកើតឡើង ស្ថិតក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ។ជនរងគ្រោះមានឈ្មោះ ទុយ ទឺ អាយុ ២៣ ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មក ស្នាក់នៅ ខេត្តព្រះវិហារ ប្រកបរបរដើរទិញអេតចាយ។
របាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូដឹកអេតចាយ ក្នុងភូមិឃុំកើតហេតុ តែដោយសារអាកាស ធាតុក្តៅពេក ក៏បានឈប់ម៉ូតូនៅមុខផ្ទះជនសង្ស័យ ស្រាប់តែបន្តិចក្រោយមក ត្រូវជនសង្ស័យកាប់ចំនួន ៥កាំបិត រហូតដល់ស្លាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕