ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់មន្រ្តីស្ថិតក្រោមក្រសួងមហាផ្ទៃ ត្រូវពន្លឿនការដោះស្រាយមតិយោបល់ និងសំណូមពរនានា ដល់ប្រជាពលរដ្ឋឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដ។
ការជំរុញនេះ ត្រូវបានផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានបង្ហាញពីវឌ្ឍនភាពការងារដែលបានតាមដានដោះស្រាយ កាលពីខែមេសាកន្លងទៅ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងដោយសុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយហើយការដោះស្រាយទាំងអស់នោះត្រូវតែធានាឱ្យបានល្អគ្រប់ជ្រុងជ្រោយពិតប្រាកដ នៃបញ្ហា និងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលនោះទេ។
របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ចំនួន៧០គណនី។
របាយការណ៍ដដែលបញ្ជាក់ថា ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៦៧ គណនី និង១១៨គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកវឌ្ឍនភាពការងារនេះថា អាចសម្រេចទៅបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុក៕