វត្ថុបុរាណចំនួន១៤៦កេស កំណាត់សរសរឈើ ចំនួន១១ដើមនិងសិលាចារឹក១ផ្ទាំង ត្រូវបានសាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់ ជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការ អាជ្ញាធរជាតិអប្សរា ដែលវត្ថុបុរាណទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។
ពិធីប្រគល់និងទទួលវត្ថុបុរាណទាំងនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នេះ។
លោក ទិន ទីណា អនុប្រធាន មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានមានលើកឡើងថា នេះពុំមែនជាលើកទី១ទេ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់វត្ថុបុរាណដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះមានចំនួនច្រើនជាងលើកមុនៗហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុលនិងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។
លោកថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារជួសជុលប្រាសាទនិងសិក្សាស្រាវជ្រាវនៅតំបន់អង្គរតែងប្រគល់វត្ថុបុរាណ ដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែកក្នុងករណីស្ថាប័នអន្តរជាតិ ដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះ បន្ថែមទៀតគឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។ វត្ថុបុរាណដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោងនិងពុំមានស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយ ជាមួយអំបោះឆៅបញ្ចុះក្នុងដីជាដើម។
គួរបញ្ជាក់ថា ប្រាសាទមេ បុណ្យខាងលិច ត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះ ឆ្នាំ (១០៤៩-១០៦៦) នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕