ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីបើកផ្លូវដល់ការអភិវឌ្ឍវិស័យទេសចរណ៍។
យោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយលោកស្រី ឆាមីនដា អ៉ី. ខូឡូនណេ ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីបច្ចុប្បន្នភាពរបស់កម្ពុជា ដែលបានដកនូវលក្ខខណ្ឌជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរឡើងវិញ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើទៅកាន់ឯកអគ្គរដ្ឋទូតស្រីលង្កា ជំរុញឱ្យមានការហោះហើរត្រង់ រវាងកម្ពុជា-ស្រីលង្កា នាពេលខាងមុខ ខណៈបច្ចុប្បន្នប្រទេសទាំងពីរ មិនទាន់ការហោះហើរត្រង់នៅឡើយទេ។
ក្រសួងទេសចរណ៍ បានឱ្យដឹងបន្តថា កម្ពុជា-ស្រីលង្កា បានឯកភាពរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដោយសារតែប្រទេសទាំងពីរ កាន់ព្រះពុទ្ធសាសនាហិនយានដូចគ្នា ហើយប្រជាជនកម្ពុជា ក៏និយមធ្វើទេសចរណ៍ផ្សារភ្ជាប់ជាមួយពុទ្ធសាសនាទៅកាន់ប្រទេសស្រីលង្កា និងប្រទេសឥណ្ឌាផងដែរ។
ក្រសួងទេសចរណ៍ បានគួសបញ្ជាក់ថា ភាគីកម្ពុជា-ស្រីលង្កា បានពិភាក្សាគ្នាលើការជំរុញឱ្យមានការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ជាមួយគ្នាឱ្យបានច្រើនផងដែរ ដើម្បីទាក់ទាញលំហូរភ្ញៀវទេសចរទៅវិញទៅមក និងភ្ញៀវទេសចរប្រទេសទី៣៕