ក្រោយពីស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមក ពេលនេះម្ចាស់បទ “មន្តស្នេហ៍ទឹកអប់ឆាលី” ឬបទ “ចង់ល្បីដូចតារា” បានវិលមកវិញហើយជាមួយនឹងបទថ្មី ចង្វាក់ថ្មី និងស្តាយរាំថ្មីដែលហ្វែនៗគ្រាន់តែឃើញ ឬឮភ្លាមប្រាកដជាចង់រាំតែម្តង។
បទ “គ្រលាស់” ដែលទើបនឹងចេញផ្សាយ MV ជាផ្លូវការនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ គឺជាបទចម្រៀងស្នាដៃថ្មីរបស់ ពូឃ្លាំង ដែលធ្លាប់ជាតារាកំពូលខាងរ៉េបរបស់កម្ពុជា ហើយដែលច្រៀងរួមគ្នាជាមួយនឹងកញ្ញា សំណាង សូរិយា ដែលជាតារាទើបនឹងរះស្រករក្រោយ និងត្រូវបានផលិតដោយផលិតកម្ម BN Production Official ។
ជាក់ស្តែងក្រោយពីចេញបានពីរបីថ្ងៃ បទនេះចាប់ផ្តើមផ្ទុះ ហើយមានហ្វែនៗជាច្រើន ជាពិសេស តារាតិកតុក បានយកបទនេះទៅរាំលេងកំសាន្ត ជាមួយនឹងកាយវិការ យ៉ាងរស់រវើកដូចគ្នាទៅហ្នឹងការរាំរបស់ម្ចាស់បទតែម្តង។ ចង្វាក់ភ្លេងបទនេះមានចង្វាក់ញាក់តិចៗ ដូច្នេះធ្វើឲ្យអ្នកដែលមិនសូវចេះរាំក៏អាចរាំលេងបានដែរ។
បើទោះបីជាអត្ថន័យវារៀងសិចស៊ីបន្តិច តែបទនេះនៅតែជាបទពេញនិយមសម្រាប់ការរាំលេងកំសាន្ត។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អត្ថន័យវិញ វារៀងកំប្លែង និងបែបលេបខាយបន្តិច តែសម្រាប់ Admin បទភ្លេងនៅក្នុងបទនេះគឺពិតជាឡូយមែនទែន ពីព្រោះបាស់របស់វាបុកខ្លាំង ហើយថ្មីប្លែកពីបទមុនៗរបស់គាត់។ សម្រាប់ហ្វែនៗវិញមានអារម្មណ៍យ៉ាងណា និងមានយោបល់យ៉ាងណាដែរ សូមជួយបញ្ចេញខាងក្រោមវិញផង៕
សរសេរដោយ៖ ម៉ៅ គុយដង់