ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ឱ្យទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានខ្លឹមសារថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការ គាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ ។
សម្តេចព្រះមរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលក្នុងព្រះរាជសារ ដោយសូមឱ្យបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ។
សូមជំរាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានគណបក្សនយោបាយ ចំនួន១៧បានចុះបញ្ជី និងមានបេក្ខជនសរុប ចំនួនជាង៧ម៉ឺននាក់។ជាមួយគ្នានេះ គ.ជ.ប កំពុងបោះពុម្ពសន្លឹកឆ្នោត ចំនួន ១.៦៥២ ប្រភេទ ស្មើនឹងចំនួន ១.៦៥២ ឃុំ សង្កាត់ ក្នុងនោះមានការបោះពុម្ពប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១លានសន្លឹកផងដែរ៕