ខេត្ដបាត់ដំបង៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងបន្តស្រាវជ្រាវជ្រាវស្វែងរកបក្ខពួករហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមមាន៖១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ ២៩ឆ្នាំ,២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ ៣៣ឆ្នាំ ,៣-ឈ្មោះ ហ៊ី ឡៃហៀក ភេទ ប្រុស អាយុ ៣០ឆ្នាំ,៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ ៣៤ឆ្នាំ,៥-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ ៣០ឆ្នាំ,៦-ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ,និងទី៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ។
របាយការណ៍បន្តថា សមត្ថកិច្ចបានដកហូតសម្ភារ និងវត្ថុតាង រួមមាន៖ រថយន្ត ចំនួន៤គ្រឿង,ទូរស័ព្ទដៃ ចំនួន៦គ្រឿង,ប័ណ្ណសម្គាល់យានយន្ត១សន្លឹក,ចិញ្ចៀន១ វង់,ប្រាក់ថៃ ចំនួន ៩០០០ ( ប្រាំបួនពាន់ )បាត,កាំភ្លើងខ្លីចំនួន២ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និងម៉ាក GLOCK 19ពណ៌ ខ្មៅ លេខ 2104859,គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់ និងបង់ចំនួន២,គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់,គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់,សំបកគ្រាប់បែក ចំនួន៥០គ្រាប់,គីបគ្រាប់បែក ច្រកក្នុងកំប៉ុង ចំនួន៥កំប៉ុង ស្មើ ៥០គីប និងនៅក្រៅកំប៉ុង ចំនួន១ គីប សរុប ចំនួន៥១គីប,សំបកកសដក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន៣កេស និងសំបកកេសស្នើ ចំនួន៥កេស ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថ អនុវត្ដបន្ដតាមនីតិវិធី៕