ដោយមានការគាំទ្រ និងអនុញ្ញាតពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករក្នុងឱកាសថ្ងៃបុណ្យឈប់សម្រាក នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្ត។
បើតាមគម្រោង ការរៀបចំកម្មវិធីការតាំងពិព័រណ៍ និងប្រកួតធ្វើម្ហូបអាហារ ក៏មានអមដោយព្រឹត្តិការណ៍ប្រណាំងកងផងដែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាមួង) ក្រុងព្រះសីហនុ។
ទាក់ទងនឹងការរៀបចំព្រឹត្តិការណ៏នេះ ការិយាល័យមិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីប្រធានមន្ទីរទេសចរណ៏ព្រះសីហនុបាននៅឡើយទេ ប៉ុន្តែព្រឹត្តិការណ៏នេះក៏ស្របទៅតាមផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ធ្លាប់បានជំរុញចលនាទេសចរផ្ទៃក្នុងនេះផងដែរ ដោយជំរុញឱ្យនាយកដ្ឋានទេសចរណ៍ក្នុងស្រុក សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវខិតខំធ្វើជាយុទ្ធនាការផ្សព្វផ្សាយដោយអនុវត្តន៍តាមយុទ្ធសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” ស្របទៅតាមចលនា “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” ដែលធ្លាប់បានធ្វើកន្លងមក និងត្រូវរៀបចំជាខ្សែ និងកញ្ចប់ទស្សនកិច្ចឱ្យបានច្បាស់លាស់ ទៅកាន់តំបន់ទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ ក៏ដូចជាកញ្ចប់ទៅទស្សនកិច្ចទៅកាន់គោលដៅ ទេសចរណ៍ថ្មីៗ ប្រកបដោយការទទួលខុសត្រូវ។
លោក ថោង ខុន បានស្នើឱ្យមន្ត្រីមន្ទីរទេសចរណ៍ទូទាំងរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងផ្នែកឯកជន ខិតខំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា ការកំសាន្តនៅចុងសប្តាហ៍ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន បានជួបជុំកម្សាន្តសប្បាយ និងត្រូវបង្កើតឱ្យបានជាព្រឹត្តិការទេសចរណ៍ជនបទ កសិទេសចរណ៍ ដើម្បីជាការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានល្អនៅតាមមូលដ្ឋានផងដែរ ប៉ុន្តែត្រូវបន្តអនុវត្តន៏និតិវិធីតាមស្តង់ដារ អប្បបរមា (SOPs) អោយបានខ្ជាប់ខ្ជួន៕ (មានជ័យ)