ភ្នំពេញ៖ ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២ នឹងបញ្ចប់នៅអំឡុងចុងខែឧសភា ខណៈមានរាជធានី-ខេត្តចំនួនបី ត្រូវបានបោះពុម្ពសន្លឹកឆ្នោតចុងក្រោយគេ។នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកាត់ថា គ.ជ.ប ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា តាមការគ្រោងទុក ការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៥ នឹងបញ្ចប់នៅទី២៨ ឫ២៩ ខែឧសភា ខាងមុខនេះ ខណៈរាជធានី-ខេត្តចំនួនបី រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកែប ជាខេត្តត្រូវបោះពុម្ពសន្លឹកឆ្នោតចុងក្រោយគេ។
អ្នកនាំពាក្យ គ.ជ.ប បានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ មានសន្លឹកឆ្នោតត្រូវបានបោះពុម្ព ចំនួន ១.៦៥២ ប្រភេទ ស្មើនឹងចំនួន ១.៦៥២ ឃុំ សង្កាត់ និងត្រូវបោះពុម្ពមានប្រមាណ ១១លានសន្លឹក រួមនឹងសន្លឹកឆ្នោតបម្រុងប្រមាណ ១លានសន្លឹកផងដែរ។
សូមមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សនយោបាយ ចំនួន១៧បានចុះបញ្ជី និងមានបេក្ខជនសរុប ចំនួនជាង៧ម៉ឺននាក់៕