បន្ទាយមានជ័យ៖ បុរសជាមន្រ្តីនគរបាលម្នាក់ បានបាញ់បុរសជាអ្នកឃ្វាលក្របីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីសត្វក្របីជាច្រើនក្បាលបានចូលស៊ីស្មៅនៅដីរបស់ខ្លួន កាលវេលាម៉ោង០១និង៣៥នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់នគរបាលស្រុអូរជ្រៅ បានឱ្យដឹងថា ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស ជាមន្រ្តីនគរបាល មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះ បានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដី បានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួន កុំឲ្យស៊ីស្មៅ ព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ីដែរ។
ប្រភពបន្តថា ភ្លាមៗនោះជនរងគ្រោះ បានដេញក្របីឲ្យចេញ រួចក៏អង្គុយលេងនៅក្បែរនោះ។ ក្រោយមកក៏ស្រាប់តែជនបង្ក បានទាញកាំភ្លើងម៉ាកវាំងឡុង (កាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន ១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេង បណ្តាល ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់តែម្តង។
ជនរងគ្រោះត្រូវបានគេដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់។ ចំណែកជនបង្ក បានរត់គេចខ្លួន ហើយត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅកំពុង តាមចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕