រមនីយដ្ឋានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣៣,២០៥នាក់ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២២នេះ ពោលកើនឡើង ៦៣៣,៣៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយទទួលបាន ចំណូលសរុបចំនួន ១,៣៥២,៦១៥ ដុល្លារ ដែលចំនួននេះបានកើនឡើង ៦២២,៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។
នេះបើយោងតាមរបាយការណ៏ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសនិងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រាសាទកោះកែរ និងកំពុងផែចុងឃ្នៀស ប្រចាំខែមេសា ឆ្នាំ២០២២ របស់គ្រឹះស្ថានអង្គរ (Angkor Enterprise) ហើយសម្រាប់ខែមេសាមួយ ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៣,៣៦៥ នាក់ និងទទួលបានចំណូលបាន ៥៣៧,០៤០ ដុល្លារពីការលក់សំបុត្រ ។
គួររំលឹកថា ការងើបឡើងវិញនៃភ្ញៀវទេសចរនេះគឺជាលទ្ធផលពីការបើកប្រទេសឡើងវិញដើម្បីទទួលអ្នកដំណើរមកកាន់កម្ពុជា សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ពេញដូស ក៏ដូចជាមិនតម្រូវឲ្យធ្វើចត្តាឡីស័កចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។
របាយការណ៏ពីក្រសួងទេសចរណ៏បានឲ្យដឹងដែរថាក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩ ម៉ឺននាក់ ហើយការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជានឹងអាចទទួល បានភ្ញៀវទេសចរ ៨០ម៉ឺននាក់ នៅចុងឆ្នាំ ២០២២នេះ ហើយតាមរយៈកម្មវិធីខាងលើនេះក្រសួងទេសចរណ៍រំពឹងថានឹងទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងអាស៊ាននិងទេសចរដែលនៅជិតបន្ថែមទៀត។
បើតាមក្រសួងទេសចរកម្ពុជានៅតែមានសុទិដ្ឋិនិយមថាទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញនៅពេលដែល កូវីដ- ១៩ មានភាពធូរស្រាល ចំណែកទីផ្សារនៅឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តកំណត់ដោយក្រសួងទេសចរណ៍ថាជាទីផ្សារទេសចរណ៍កម្រិតខ្ពស់និង មានការចំណាយច្រើនដែលមានទីផ្សារអឺរ៉ុបសហរដ្ឋអាមេរិកកាណាដានិងមជ្ឈឹមបូព៌ា៕ (មានជ័យ)