BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាផ្សព្វផ្សាយគោលដៅទេសចរណ៍នៅប្រទេស ហ្វីលីពីន ក្រោមយុទ្ធនាការ "ទស្សនាកម្ពុជាបន្ទាប់"

ថ្ងៃអាទិត្យ, 08 ខែឧសភា 2022 11:21  មានជ័យ

 

photo_2022-05-07_20-44-36

ក្រសួងទេសចរណ៍បាន រៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជាក្រោមយុទ្ធនាការ "ទស្សនា កម្ពុជាបន្ទាប់" ដែលជា គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង "Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination" នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០២២ ។ 

កម្មវិធីនេះ រៀបចំឡើងដោយ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពិចារណាក្នុងការបើកវិស័យទេសចរណ៍ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាម "ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩" ក៏ដូចជាផែនការយុទ្ធសាស្រ្តបើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធីនេះដឹកនាំដោយលោក សុខ សង្វារ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗមួយចំនួនដូចជាលោក ហ៊យ ភីរក្ស អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងតាមប្រព័ន្ធវីដេអូ (ZOOM) លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក សួន សុផល ប្រធាន នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ផន ពៅ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋហ្វីលីពីន លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងមានអ្នកចូលរួម ពីសមាគមន៍ទេសចរណ៍ហ្វីលីពីនចំនួន១២ និងទីភ្នាក់ងារទេសចរណ៍សរុបប្រមាណ១៥០ រូប។

photo_2022-05-07_20-44-43

កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជាក្រោមយុទ្ធនាការ "ទស្សនាកម្ពុជាបន្ទាប់" ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង (Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination) សំដៅផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជាពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា ហ្វីលីពីន ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយ អំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) ។ 

សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ (SEA Games 2023) របស់កម្ពុជាក្រោមមូលបទ "កីឡារស់ក្នុងសន្តិភាព"។

ទាក់ទងកម្មវិធនេះ ក្រសួងទេសចរណ៏បានឲ្យដឹងថា កម្មវិធី Cambodia’s Tourism Roadshow ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ នៃប្រទេសហ្វីលីពីន ហើយភ្នាក់ងារទេសចរណ៍ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បានឯកភាពគ្នាជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ ។តាមរយៈកម្មវិធី Cambodia's Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនហ្វីលីពីនឱ្យមកទស្សនា "កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ" កាន់តែច្រើនឡើងវិញ ទាំងក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ។

photo_2022-05-07_20-44-47

គួរបញ្ជាក់ថា ក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩ ម៉ឺននាក់ យើងសង្កេតឃើញថាការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជានឹងអាចទទួលបានភ្ញៀវទេស ចរ៨០ ម៉ឺននាក់ នៅចុងឆ្នាំ២០២២នេះ ហើយតាមរយៈកម្មវិធីខាងលើនេះ ក្រសួងទេសចរណ៍រំពឹងថានឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅជិត (Short Haul) ដូចជា កូរ៉េ  ជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម បន្ថែមទៀត  ។

បើតាមក្រសួងទេសចរកម្ពុជានៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញនៅពេលដែល កូវីដ- ១៩ មានភាពធូរស្រាល ចំណែកទីផ្សារនៅឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តកំណត់ដោយក្រសួងទេសចរណ៍ថាជាទីផ្សារទេសចរណ៍កម្រិតខ្ពស់និងមានការចំណាយច្រើនដែលមានទីផ្សារអឺរ៉ុបសហរដ្ឋអាមេរិកកាណាដានិងមជ្ឈឹមបូព៌ា៕ (មានជ័យ)

photo_2022-05-07_20-44-56

 

photo_2022-05-07_20-45-01

photo_2022-05-07_20-45-06

 


ថ្ងៃអាទិត្យ, 08 ខែឧសភា 2022 11:21  មានជ័យ