ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសផ្អាកចរាចរណ៍នៅចំណុចផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលគល់ស្ពានគីហ្សូណា រហូតដល់រង្វង់មូលត្រើង ដើម្បីសម្រួលដល់ការដង្ហែសព លោកព្រឹទ្ឋាចារ្យ ហ៊ុន ណេង។
នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះ នឹងធ្វើឡើងចាប់ម៉ោង៦ ដល់ម៉ោង១០ព្រឹក នាថ្ងៃទី៩ ឧសភា ដើម្បីសម្រួលដល់ការដង្ហែសព លោកព្រឹទ្ឋាចារ្យ ហ៊ុន ណេង ចេញពីក្រុងកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរចូលក្រុងកំពង់ចាមតាមផ្លូវជាតិ៧ ឬផ្លូវជាតិលេខ៧១ ត្រូវវាងតាមផ្លូវលេខ៧០ តាមផ្សារព្រៃទទឹង និងផ្លូវខេត្តលេខ២៧០ ឆ្លងកាត់តាមពាមជីកង ស្រុកកងមាស។
ចំពោះការធ្វើដំណើរពីខេត្តត្បូងឃ្មុំ ឆ្ពោះមកក្រុងកំពង់ចាម ឬទៅភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប ត្រូវឆ្លងតាមផ្លូវបេតុង ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ឆ្ពោះទៅស្ពានក្រូចឆ្មារ។ អ្នកដំណើរក៏អាចបង្វែរទិសដៅ ទៅតាមផ្លូវជាតិ១១ ឆ្ពោះទៅផ្លូវលេខ៨ដែរ។
សូមបញ្ជាក់ថា លោកព្រឹទ្ឋាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ ដោយសារជំងឺបេះដូង ពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖លាង ឡា