ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជ្រើសរើសពលទាហាន ចំនួន៤០២នាក់ ដើម្បីរៀបចំកងកាំជ្រូចការពារអាកាសរយៈកំពស់មធ្យម។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ការជ្រើសរើសកងទ័ពថ្មីចំនួន៤០២នាក់ គឺដើម្បីរៀបចំកងកាំជ្រូចការពារអាកាសរយៈកំពស់មធ្យម ចំណុះបញ្ជាដ្ឋានការពារអាកាស អគ្គបញ្ជាដ្ឋាន។
ក្នុងប្រការ២ នៃសេចក្តីសម្រេចបានឱ្យដឹងថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ឋត្រូវអនុវត្តនូវសចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមរម្លឹកថា នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រលងជាប់និទ្ទេស A នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ការសម្រេចឱ្យរើសកងទ័ព គឺជាការបំពេញបន្ថែមលើផ្នែកការពារអាកាស។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាពុំចាំបាច់យកយន្តហោះទៅបាញ់គ្នានៅលើអាកាសទេ ប៉ុន្តែត្រូវការកម្លាំងការពារអាកាស ឬហៅថា សំណាញ់មេឃដែលមានន័យថា បាញ់ពីដីឡើងទៅលើហើយធ្វើឡើងនៅពេលមានការឈ្លានពានលើដែនអាកាសរបស់កម្ពុជាប៉ុណ្ណោះ៕
អត្ថបទ៖លាង ឡា