ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋចំនួន១០ខ្នង ក្នុងខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១១ និង៤០នាទីយប់ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ១។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យនេះ ផ្តើមចេញពីផ្ទះមួយខ្នងដែលស្ថិតនៅកណ្ដាលគេ និងបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅរហូតគ្រប់គ្រងលែងបាន។ ភ្លាមៗបន្ទាប់ពីហេតុការណ៍កើតឡើង កម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គីភ័យបានចេញរថយន្តជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃផ្សេងទៀត។
មន្រ្តីនគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញនិងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយស្ថានភាពផ្លូវចូលទៅបាញ់ពន្លត់តូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបាន មានតែប្រើទុយយោចម្ងាយឆ្ងាយ និងប្រើប្រាស់រយៈពេលជាង១ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
សមត្ថកិច្ចបានសន្និដ្ឋានក្នុងជំហ៊ានបឋមថាមូលហេតុនៃការអគ្គិភ័យនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕
អត្ថបទ៖លាង ឡា