ភ្នំពេញ៖ សួនរុក្ខជាតិអង្គរ ដែលមានទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ត្រូវបានរៀបចំរួចរាល់ ដើម្បីដាក់ឱ្យភ្ញៀវទេសចរចូលទស្សនាកម្សាន្ត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។
យោងតាមអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាពេលខាងមុខ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរា បានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំ ជាសួនសំខាន់ៗជាច្រើន។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងដែរថា កូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗ រាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិ សរុបជាង ៥០០ប្រភេទផ្សេងៗគ្នា ត្រូវបានដាំដុះនៅក្នុងសួនរុក្ខជាតិអង្គរ ហើយបរិវេណនេះ ក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន ដែលបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនខ្មែរ សួនព្រៃឈើ និងសត្វព្រៃអង្គរ ជាដើម។
អាជ្ញាធរជាតិអប្សរា បានលើកឡើងថា សួនរុក្ខជាតិអង្គរ ដែលមានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវផងដែរ៕