ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់លោក កឹម សុខា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកព្រឹទ្ធចារ្យ ហ៊ុន ណេង បងប្រុសរបស់សម្តេច។
ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់លោក កឹម សុខា មានខ្លឹមសារថា តាងនាមឱ្យក្រុមគ្រួសារទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាររំលែកទុក្ខ ដែលឯកឧត្តម និងលោកជំទាវ ផ្ញើមកខ្ញុំ និងក្រុមគ្រួសារក្នុងឱកាស នៃការបាត់បង់ដ៍ធំធេងសម្រាប់ខ្ញុំនិងគ្រួសារ។ សូមឯកឧត្តមនិងលោកជំទាវ ទទួលនៅការស្រឡាញ់រាប់អានពីខ្ញុំនិងក្រុមគ្រួសារ។
សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយចូលរួមរំលែកទុក្ខចំពោះមរណភាព លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕