ឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ បានឯកភាពគ្នាឱ្យបើកដំណើរការច្រកអន្តរជាតិអូរស្មាច់ ឡើងវិញ ដែលត្រូវធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ។
ការបើកដំណើរការចេញចូលច្រកអន្តរជាតិអូរស្មាច់ ឡើងវិញ ត្រូវបានភាគីថៃ តម្រូវឱ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅកាន់ប្រទេសថៃ មានលិខិតឆ្លងដែន, មានលិខិតថៃឡង់ផាស, ប័ណ្ណធានារ៉ាប់រងសុខភាព និងប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសត្រឹមត្រូវ ទើបអាចចូលប្រទេសថៃបាន។
ចំណែកប្រជាពលរដ្ឋដែលប្រើប័ណ្ណព្រំដែន (Border Pass) អាចស្នាក់នៅប្រទេសថៃ បានចំនួន៣ថ្ងៃ និងត្រូវមានប័ណ្ណចាក់វ៉ាក់សាំងគ្រប់ដូសផងដែរ។
សូមបញ្ជាក់ថា ច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំអ្នកពាក់ព័ន្ឋជួបពិភាក្សាជាមួយ លោក សុវ៉ះផុង គិទិផាត់ភិប៊ូន អភិបាលខេត្តសុរិន្ទ ដើម្បីធ្វើយ៉ាងណាឱ្យការដំណើការបើកច្រកឡើងវិញមានភាពល្អប្រសើរ។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ ដែលមិនមានបណ្ណព្រំដែន (Border Pass) អាចទំនាក់ទំនងធ្វើនៅស្នាក់ការត្រួតពិនិត្យច្រកព្រំដែនអូរស្មាច់បាន ជៀសវាងកុំឱ្យចំណាយពេលវេលាទៅធ្វើនៅច្រកចេញចូលតែមួយនៅសាលាខេត្តឧត្តរមានជ័យ៕