ភ្នំពេញ ៖ អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មានរថយន្តប្រមាណ១ពាន់គ្រឿងទៀត មិនទាន់បានបង់ពន្ធនៅឡើយទេ ខណៈថ្ងៃឱសានវាទ នឹងចូលមកដល់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងឱ្យដឹងថា តាមការប៉ាន់ស្មានជាបឋម នៅសល់រយៈពេល២ខែទៀត នៃថ្ងៃឱសានវាទ ពោលគឺត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ អាចមានរថយន្តប្រមាណ១ពាន់គ្រឿងថែមទៀត នឹងចូលទៅបង់ពន្ធ។
លោកបានបញ្ជាក់ថា ប្រសិនបើបូកនឹងរថយន្តដែលបានចូលទៅបង់ពន្ធរួច ប្រមាណ៧ពាន់គ្រឿង នឹងនាំឲ្យចំនួនសរុបមានប្រមាណ៨ពាន់គ្រឿង ដែលរាជរដ្ឋាភិបាល អាចទទួលបានចំណូល ប្រមាណពី៧០ ទៅ៧៥លានដុល្លារ ក្នុងយុទ្ធនាការប្រមូលពន្ធ និងអាករនាំចូល ដែលមានរយៈពេល៩ខែនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីថ្ងៃអនុវត្ត ការប្រមូលពន្ធយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់នៅក្នុងប្រទេស កាលពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ គឺមានម្ចាស់រថយន្តគ្មានពន្ធ និងអាករនាំចូល ទាំងឆ្វេង និងស្តាំ ជិត៧ពាន់គ្រឿង បានចូលទៅបង់ពន្ធនិងអាករនាំចូល ដែលមានទឹកប្រាក់ប្រមាណ៦០លានដុល្លារអាមេរិក។
លោក គុណ ញឹម បានព្រមានថា ក្រោយថ្ងៃឱសានវាទ គយ និងរដ្ឋាករកម្ពុជា នឹងបង្កើនសកម្មភាពបង្ក្រាប ខណៈរថយន្តចង្កូតឆ្វេង ត្រូវបង់ពន្ធ និងអាករនាំចូល បូកជាមួយនឹងប្រាក់ពិន័យ ហើយរថយន្តចង្កូតស្ដាំ អាចនឹងត្រូវដោះជាបំណែក ឬក៏កម្ទេចចោលតែម្ដង៕