ក្រោយផុតពីសម័យសង្គ្រាមរាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំមក កម្ពុជាក្រោមការដឹកនាំរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានស្តារមុខមាត់សារឡើងវិញ ហើយកំពុងតែមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ដែលជាហេតុធ្វើឲ្យប្រជាជនកម្ពុជាអាចរស់នៅប្រកបដោយសុខសន្តិភាព និងសុខដុមរម្យនាទាំងនៅក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្តែង កាលពីពេលម្សិលមិញ ឯកឧត្តម ជាម ប៉េអា ដែលជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានធ្វើដំណើរទស្សនកិច្ចមួយ ជាមួយនឹងលោក ឧកញ៉ា វិចិត្រ នៅលើផ្លូវចំងាយប្រមាណ ១០០០ គម ដើម្បីទៅជួបសហគមន៍សម្របសម្រួល និងបោសសំអាតគ្រាប់រំសេវជាតិផ្ទុះដែលបានបន្សល់ទុកពីសម័យសង្គ្រាម នៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង របស់អង្គការមួយដឹកនាំដោយ លោក តាកាយ៉ាម៉ា ជនជាតិជប៉ុន។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោកបានជួប ប្អូនស្រី ធីតា ដែលនាងកំពុងតែបានបំរើការងារនេះ ហើយបានធ្វើការបង្ហាញពីបទពិសោធន៍ការងាររបស់នាងជូនលោកថា នាងបានស្ម័គ្រចិត្តធ្វើការងារនេះចាប់តាំងពីនាងមានអាយុ ១៨ឆ្នាំ ក្រោយពីបានហ្វឹកហាត់អស់រយៈពេល៦ខែ រហូតមកទល់នឹងពេលបច្ចុប្បន្នវាមានរយៈពេល ១៨ឆ្នាំ ហើយសព្វថ្ងៃនាងមានអាយុ ៣៦ឆ្នាំ។ នាងបាននិយាយទៀតថា នាងបំរើការងារនេះប្រកបដោយសុខសុវត្ថិភាព ដោយបានរំដោះដីចំការមីន និងរំសេវមិនទាន់ផ្ទុះជាច្រើនរយហិចតា ហើយបានប្រែក្លាយវាឲ្យទៅជា ដីចំការផលិតកសិកម្មដ៏សម្បូរបែប។ ដូច្នេះនេះវាគឺជាសាក្សី និងសមិទ្ធិផលជាក់ស្តែងដែលមិនអាចប្រកែកនៃសុខសន្តិភាពរបស់កម្ពុជា ដែលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្ន ដែលឋិតនៅក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន។
ជាចុងក្រោយ បន្ទាប់ពីបានដើរមើលឃើញពីសមិទ្ទផល និងបានស្តាប់ការធ្វើបទបង្ហាញរបស់ប្អូនស្រី ធីតាមក លោកឯកឧត្តម ព្រមទាំង លោក ឧកញ៉ា បានសរសើរ និងអរគុណដល់សហគមន៍គំរូ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការជាដៃគូប្រកបដោយទំនួលខុសត្រូវ ដែលបានជួយប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ឲ្យបានរស់នៅដោយសុខសន្តិភាព និងបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានគ្រាប់ផ្ទុះ និងរំសេវបន្តទៅទៀត។ សូមជូនពរឲ្យមានសុខភាពល្អគ្រប់ៗគ្នាដើម្បីចូលរួមថែរក្សាសន្តិភាពរបស់ជាតិឲ្យបានឋិតឋេរនិងគង់វង្សយូរអង្វែងតរៀងទៅ៕