ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចុះហត្ថលេខា លើអនុក្រឹត្យ រើសកងទ័ព ចំនួនជាង៣០០នាក់ សម្រាប់ការបំពេញបន្ថែមលើផ្នែកការពារអាកាស។
ការចុះហត្ថលេខា លើអនុក្រឹត្យ រើសកងទ័ព ផ្នែកការពារអាកាសនេះ ត្រូវបានបង្ហាញក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រលងជាប់និទ្ទេស A នៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចទើបចុះហត្ថលេខា លើអនុក្រឹត្យ ឱ្យរើសកងទ័ព ចំនួនជាង៣០០នាក់ ដែលជាការបំពេញបន្ថែមលើផ្នែកការពារអាកាស។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា ពុំចាំបាច់យកយន្តហោះទៅបាញ់គ្នានៅលើអាកាសទេ ប៉ុន្តែត្រូវការកម្លាំងការពារអាកាស ឬហៅថា សំណាញ់មេឃ ដែលមានន័យថា បាញ់ពីដីឡើងទៅលើ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ការការពារដែនអាកាស ដោយប្រើសំណាញ់មេឃ នឹងធ្វើឡើងនៅពេលមានការឈ្លានពានលើដែនអាកាសរបស់កម្ពុជា៕