ភ្នំពេញ៖ ឥទ្ឋិពលជ្រលងសម្ពាធទាបពីឥណ្ឌា នឹងបង្កឱ្យកម្ពុជា មានធ្លាក់ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ព្រមទាំងធ្វើឱ្យអាកាសធាតុចុះត្រជាក់ ក្នុងកម្រិត២២អង្សាសេ ដែលនឹងកើតឡើង នៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឥទ្ឋិពលនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ ហើយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧អង្សាសេ ហើយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៤អង្សាសេ ហើយក្នុងចន្លោះពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕