ព្រះសីហនុ៖ មន្រ្តី នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ត្រូវបានចាប់ខ្លួន ក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់យុវជនម្នាក់ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ឧសភា នៅជិតរង្វង់មូលតោ២។
ប្រភពសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជិន រដ្ឋា និងឈ្មោះ អំ ឆេកូ ពួកគេជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានប្រគល់ពួកគេឱ្យទៅកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ឧសភា នៅជិតរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឱ្យយុវជនម្នាក់ឈ្មោះ ចាន់ បូរ៉ាន់ អាយុ ១៩ឆ្នាំ បានស្លាប់ នៅនឹងកន្លែង។
របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងថា ករណីនេះ កើតឡើងដោយសារតែស្រវឹងស្រា និងទំនាស់ពាក្យសម្តីពេលធ្វើដំណើរ។
របាយការណ៍បានបញ្ជាក់ថា នៅពេលមានទំនាស់កើតឡើង ស្រាប់តែជនសង្ស័យឈ្មោះ អំ ឆេកូ ក្នុងចំណោមបក្ខពួក២នាក់ បានដកអាវុធខ្លីបាញ់លើជនរងគ្រោះចំក្តោងច្រមុះធ្លាយទៅក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង៕