បន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត "ខ្លងលឹក" បានចាប់ផ្តើមបើកដំណើរការជាប្រក្រតីឡើងវិញហើយ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ តែស្ថិតក្រោមលក្ខណ្ឌត្រួតពិនិត្យមួយចំនួន ដើម្បីបង្ការជំងឺកូវីដ-១៩។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅជំហានបឋមខាងភាគីថៃ អនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែន និងប័ណ្ណព្រំដែន ហើយជំហានបន្ទាប់ គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងគ្លឿ។
សូមបញ្ជាក់ថា អាជ្ញាធរថៃ បានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែន ចំនួន២ នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ហើយខាងកម្ពុជា គឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន ស្រុកខ្លងហាត ហើយខាងកម្ពុជា គឺច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតាមវិធានការ បង្ការជំងឺកូវីដ១៩។
សូមរំលឹកដែរថា នាពេលកន្លងទៅ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានបិទច្រកទ្វារព្រំដែនអន្តរជាតិ ជាមួយកម្ពុជា ក្រោយពេលមានការរីករាលដាលជំងឺកូវីដ-១៩ ខណៈភាគីកម្ពុជា ពុំបានបិទនោះទេ ប៉ុន្តែបានរឹតបន្តឹងការចេញចូលដើម្បីបង្ការជំងឺកូវីដ-១៩៕