ព្រះសីហនុ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗនៅចំណុចរង្វង់មូលតោពីរ នៅពេលធ្វើដំណើរកាលពីវេលាម៉ោង ១២:៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ខេត្ត និងក្រុងព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងគ្នីគ្នាបានធ្វើដំណើរតាមផ្លូវ ហើយត្រូវបានជនបង្កស៊ីប្លេដាក់ ពេលនោះក្រុមជនរងគ្រោះក៏បានស៊ីផ្លេតបទៅវិញ ស្រាប់តែជនបង្កខឹង និងបានចុះមកវាយខ្លួន និងមិត្តភក្តិ។ បន្ទាប់ពីត្រូវជនបង្កវាយបុរសរងគ្រោះបានលើកដៃសំពះសុំទោសជនបង្ក ព្រមទាំងសុំយកម៉ូតូជិះទៅផ្ទះ តែជនបង្កមិនអស់ចិត្ត ក៏បានដកកាំភ្លើងចេញមកបាញ់ទៅលើបុរសរងគ្រោះ ចំផ្ទៃមុខបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឺងកន្លែងតែម្តង។
តាមការឱ្យដឹងពីបុរសម្នាក់ដែលអះអាងថា ជាមិត្តជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កជិះម៉ូតូ ភី ស៊ី អ៊ិច ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកពាក់អាវយឺតពណ៌ខ្មៅ ខោខ្លីពណ៌ខ្មៅ និងបានគេចខ្លួនក្រោយពេលបាញ់សម្លាប់ជនរងគ្រោះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមនីតិវិធី៕