ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាយូរមក លើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល១៥០០ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជា នឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា។
ពិព័រណ៌នេះ មានឈ្មោះថា “បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា” នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀង ដែលបង្កើតឲ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។
ទាក់ទងបញ្ហានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យសាធារណជនទស្សនាពិព័រណ៌ពិសេសនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ លោកថា “ខ្ញុំមានមោទនភាពចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក”។
ចាប់តាំងពីឆ្នាំ ២០០១ មកសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត។ ចំពោះព័ត៌មានលម្អិតស្តីពីពិព័រណ៌នេះ សូមចូលមើលក្នុងគេហទំព័ររបស់ Smithsonian ៕ (មានជ័យ)